RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Monday, June 28, 2021

ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជិត២ម៉ឺននាក់ទៀត កំពុងបន្ដមកចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី១ នៅទីតាំងទាំង១៤ ដែលបានកំណត់ដោយអាជ្ញាធរ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ : ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បានបន្ដមកទទួលការចាក់វäក់សាំងលើកទី១ រយៈពេលពីរថ្ងៃមានជិត២ម៉ឺននាក់ហើយ ចាប់ពីថ្ងៃទី២៧ ខែមិថុនា និងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃ២៧ខែមិថុនា ដល់ថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២១ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ តែងតែបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ ដែលបានមកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បាន ឱ្យដឹងថា ចំពោះការយឺតយ៉ាវ និងបានមកទទួលការចាក់វ៉ាក់សាំងនេះ ដោយសារតែនៅពេលអាជ្ញាធរអញ្ជើញឱ្យពួកគាត់មកចាក់នោះ ពួកគាត់មានជំងឺ និងមួយចំនួនទៀតជាប់ទៅស្រុកកំណើត ទើបអាក់ខានមិនបានមកទទួលការចាក់វ៉ាក់សាំងនេះ ។ ពួកគាត់ពិតជាអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានពន្យារពេលការចាក់វ៉ាក់សាំង ចំពោះពួកគាត់ដែលមិនទាន់បានមកចាក់នាពេលកន្លងមក បានចាក់នៅពេលនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះប្រជាពលរដ្ឋដែលមិនបានទទួល ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុង១៣ខណ្ឌក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ១៩.៣៩៩នាក់ ក្នុងនោះនៅខណ្ឌកំបូល នៅសល់ចំនួន ៩៨៧នាក់, ខណ្ឌពោធិ៍សែនជ័យ នៅសល់ចំនួន ៤.៩៨០នាក់, ខណ្ឌទួលគោក នៅសល់ចំនួន ១.២៩៧នាក់, ខណ្ឌ៧មករា នៅសល់ចំនួន ៧៥៥នាក់, ខណ្ឌដូនពេញ នៅសល់ចំនួន ៥២១នាក់ ខណ្ឌបឹងកេងកង នៅសល់ចំនួន ៧០២នាក់, ខណ្ឌចំការមន នៅសល់ចំនួន ២២២នាក់, ខណ្ឌដង្កោនៅសល់ចំនួន១.៨៨៧នាក់, ខណ្ឌជ្រោយចង្វា នៅសល់ចំនួន ២.៥៩០នាក់, ខណ្ឌឫស្សីកែវ នៅសល់ចំនួន៣០០នាក់, ខណ្ឌច្បារអំពៅ នៅសល់ចំនួន ១.៨៧៣នាក់, ខណ្ឌមានជ័យរួចរាល់អស់ហើយ, ខណ្ឌសែនសុខ នៅសល់ចំនួន ១.៧៦១នាក់, និងខណ្ឌព្រែកព្នៅ នៅសល់ចំនួន១.៥២៤នាក់។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានី បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយអនុលោមតាមផែនការមេ សម្រាប់យុទ្ធ នាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជាសេនាធិការ និងដែលមានកិច្ចសហការពីក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក និងក្រុមគ្រូពេទ្យនៃអង្គភាពផ្សេងៗ បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ នៅរាជធានីភ្នំពេញបានយ៉ាងរលូន ស្របតាមជំហានកម្មវិធីការងារ ដែលបានគ្រោងទុក ហើយប្រជាពលរដ្ឋក៏បានស្ម័គ្រចិត្តយ៉ាងសស្រាក់សស្រាំ តម្រង់ជាជួរមកចាក់វ៉ាក់សាំង តាមគោលដៅ នៃខណ្ឌនីមួយៗ ដែលគិតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចំនួន ១.៦៦២.៣៥៦នាក់ (ដូសទី១) និង ១.៤៩៨.៧៨៧នាក់ (ដូសទី២)។

ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចទៀត ពុំទាន់មកទទួលការចាក់វ៉ាក់សាំង នៅឡើយ។ ដើម្បីឈានទៅសម្រេចលទ្ធផលឱ្យបានជោគជ័យ១០០ភាគរយ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មការចាក់វ៉ាក់សាំង និងរាជរដ្ឋាភិបាល ដែលគ្រោងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២១នោះ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំង អញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១កុំបីខាន នៅតាមទីតាំងដែលបានកំណត់ក្នុងខណ្ឌទាំង១៤ ៕