RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Monday, August 23, 2021

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference សម្រេចបានលទ្ធផល៥ចំណុចធំៗ

ចំនួនអ្នកទស្សនា: Views


កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference សម្រេចបានលទ្ធផល៥ចំណុចធំៗ ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២១ ​​AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១– ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) កាលពីថ្ងៃទី២៣​ខែសីហា ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំ ផ្តោតការពិភាក្សាលើការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ប្រចាំឆមាសទី ១ ឆ្នាំ ២០២១ ។ ​ជាលទ្ធផល, ក្នុងត្រីមាសទី ១ និងទី ២ ឆ្នាំ ២០២១, ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី ៣ បូក ២ សម្រេចបានដូចខាងក្រោម៖ - “ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា”, គិតត្រឹមត្រីមាសទី ២, ការអនុវត្តចំណូលរក្សាបានក្នុងស្ថានភាពល្អ និងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិតក្នុងរង្វង់ +/-៥% ធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធការគ្រប់គ្រង និងការអនុវត្តផែនការប្រមូលចំណូល ពិសេស ការខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាព ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូល ។ រីឯការអនុវត្តចំណាយ យឹតជាងផែនការបន្តិចក្ដី តែស្ថិតក្នុងស្ថានភាពដែលអាចសម្រេចបានតាមគោលដៅក្នុងឆ្នាំ ។​ ទន្ទឹមនេះ, ដំណើរការនៃការអនុវត្តថវិកាចាប់ផ្ដើមកែលម្អតាមរយៈការសិក្សា និងដាក់ចេញផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ, ពង្រីកការទូទាត់ចំណាយថវិកាជាតិតាម E-Transfer, ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈតាមក្រសួង ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ជាដើម ។ - “ការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ”, ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានពង្រឹង និងពង្រីកការអនុវត្ត តាមរយៈការបន្តដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមក្រសួង ស្ថាប័ន, ការពង្រីកមុខងារបន្ថែមថ្មីក្នុងប្រព័ន្ធ FMIS ពិសេស ការពង្រីកការអនុវត្តគម្រោង FMIS ដល់រដ្ឋបាលរាជធានី ខេត្តទាំង ២៥ ។ កម្រិតអនុលោមភាពនៃរបាយការណ៍ IPSAS Cash Basis ត្រូវបានកែលម្អ ។ ទន្ទឹមនេះ, លិខិតបទដ្ឋានសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ បាននឹងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ។ - “ការពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”, ក្របខណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២២ ដោយមានពិតានតាមវិស័យតាម ក្រសួង ស្ថាប័ន, ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២២ ត្រូវបានរៀបចំសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។ រីឯ ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៣-២០២៥ គ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅឆ្នាំ ២០២២ ។ ឯកសារទាំងអស់នេះនឹងបង្កលក្ខណៈងាយស្រួលដល់ក្រសួង ស្ថាប័នក្នុងការរៀបចំថវិកា ដោយមានការកំណត់តាមក្រសួង ស្ថាប័ន តាមវិស័យ, ការធ្វើសមាហរណកម្មថវិកាចរន្ត និងវិនិយោគ ។ ជាមួយគ្នានេះ, ការគ្រប់គ្រងគម្រោងវិនិយោគបាននឹងកំពុង កែលម្អតាមរយៈការរៀបចំយន្តការ និងលិខិតគតិយុត្តនានាដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ ។ - “ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម”, ការរៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិ យុត្តសម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មជាការចាំបាច់ ដែលត្រូវបញ្ចប់សម្រាប់ដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២២ ក្នុងនោះរួមមាន៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី), អនុក្រឹត្យលេខ ៨១ និង ៨២ និងក្របខណ្ឌថវិកាព័ត៌មានសមិទ្ធកម្ម ។ ជាមួយគ្នា, ប្រព័ន្ធតាមដាន និងត្រួតពិនិត្យសមិទ្ធកម្មត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ។ - “ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ផ្សេងទៀត”, ស្ថិតក្នុងបរិការណ៍កូវីត-១៩ ការអនុវត្តការបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សព្វផ្សាយ អាចអនុវត្តបានដោយផ្នែក ដោយត្រូវធ្វើតាមប្រព័ន្ធអនឡាញ រីឯវគ្គបណ្ដុះបណ្ដាលដែលតម្រូវឱ្យចុះអនុវត្តផ្ទាល់ត្រូវបានពន្យារពេល ប៉ុន្តែមិនរងផលប៉ះពាល់ដល់ចលនការនៃការកែទម្រង់ទេ ។ ជាមួយគ្នានេះ, ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាពត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងដែលគ្រោងពង្រីកដល់ក្រសួង ស្ថាប័ននៅឆ្នាំ២០២២ ។ គោលការណ៍ណែនាំការគ្រប់គ្រងផ្អែកលើលទ្ធផលដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី ៣ នឹងចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងសូចនករសមិទ្ធកម្មគន្លឹះ ឱ្យកាន់តែមានភាពច្បាស់លាស់ ។ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមក រហូតសម្រេចបានសមិទ្ធផលនេះ ទោះបីកម្ពុជាកំពុងស្ថិតក្នុងវបត្តិកូវីដ-១៩ ក៏ដោយ និងបានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៣ បូក ២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕ ដោយ ៖ ដារ៉ា, ប្រភព ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ