RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Saturday, October 30, 2021

ក្រុមការងារខេត្តក្រចេះ ចុះពិនិត្យលទ្ធផលនៃការអនុវត្តផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំហាន់ជ័យ-ឆ្លូង

ចំនួនអ្នកទស្សនា: Views


(ស្រុកឆ្លូង-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានចុះពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងបានធ្វើការសំណេះសំណាលជាមួយមន្រ្តីមូលដ្ឋាន និង ឆ្លៀតចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

ការជួបសំណេះសំណាលពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក្នុងបរិវេណវត្តពោធិវន្ត ហៅវត្តហាន់ជ័យក្រោម ដោយមានចូលរួមពីសំណាក់អ្នកដំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ លោកប្រធានក្រុម ប្រឹក្សាខេត្ត លោកអភិបាលខេត្ត លោកស្រី អស់លោក ជាប្រធាន អនុប្រធាន និង សមាជិក ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំទាំង៧ ព្រមទាំង មន្ត្រីមូលដ្ឋានសរុបចំនួនប្រមាណ ២៦០នាក់។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ពីបច្ចុប្បន្នភាពសមាជិកនិងការរៀបចំរចនាសម្ព័ន្ធគណបក្សឃុំ ហាន់ជ័យរួចមក លោករដ្ឋមន្រ្តីប្រធានក្រុមការងារមូលដ្ឋានខេត្តក្រចេះ បានដឹកនាំការពិភាក្សាដោយផ្តល់ឱកាសជូនសមាជិក សមាជិកា ដែលប្រធានក្រុមបក្សលើកយោបល់ និង រាយការណ៍ពីស្ថានភាពជាក់ស្តែងដែលកើតមានឡើងនៅតាមមូលដ្ឋានរៀងខ្លួន ដើម្បីរួមគ្នារិះរកមធ្យោបាយដោះស្រាយឱ្យ បានសមស្រប។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានជំរុញក្រុមការងារនៅមូលដ្ឋាន ជាពិសេសមន្ត្រីមូលដ្ឋាន ត្រូវពុះពាររស់នៅ និងបម្រើ ប្រជាជនជាប់ជាប្រចាំតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទជំងឺ កូវីដ-១៩ ដើម្បីរៀបចំផែនការសកម្មភាពការងាររបស់ខ្លួន ឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែង និងតម្រូវការរបស់មូលដ្ឋាន សំដៅប្រមូលបានសមានចិត្តប្រជាពលរដ្ឋ ពង្រឹងប្រៀបឈ្នះនយោបាយសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

នៅក្នុងឱកាសនោះដែរ លោក ព្រុំ សុខា និងក្រុមការងារក៏បានចូលរួមជាមួយពុទ្ធបរិស័ទ និងប្រជាជនមូលដ្ឋានក្នុងពិធីបុណ្យកឋិនទាន ដែលនឹងដង្ហែមកកាន់វត្តហាន់ជ័យលើ និងវត្តហាន់ជ័យក្រោម ដោយប្រមូលបានបច្ច័យកសាងសរុបចំនួន ១៥លានរៀល ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តទាំង២ ក្នុងឃុំហាន់ជ័យនេះផងដែរ។

នៅចុងបញ្ចប់នៃពិធី លោករដ្ឋមន្ត្រី ព្រុំ សុខា បានផ្ដាំផ្ញើដល់ក្រុមការងារ ត្រូវជួយរម្លឹកបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ ការថែទាំសុខភាពពីជំងឺរាតត្បាតនានា ជាពិសេសសូមកុំភ្លេចខ្លួនពីជំងឺកូវីដ១៩ និងរួបរួមសាមគ្គីគ្នាពុះពារដោះស្រាយរាល់វិបត្តិ ដែលបង្កឡើងដោយកូវីដ-១៩ ដើម្បីបន្តគាំទ្រយ៉ាងសកម្មយុទ្ធសាស្រ្ត ដឹកនាំ ក្រោមអគ្គមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព សម្រាប់អនាគតរុងរឿងរបស់សង្គមជាតិ និងប្រជាជនយើង៕


Friday, October 29, 2021

ឯកឧត្តម អ៊ិត សំហេង ណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាសបង្កើនការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម អ៊ិត សំហេង បានណែនាំឱ្យម្ចាស់រោងចក្រ សហ គ្រាសបង្កើនការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ ដើម្បីការពារកុំឱ្យឆ្លងរាតត្បាតដល់ក្រុមកម្មករដែលអាចធ្វើប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម។

ថ្លែងក្នុងពិធីរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិ ភាព និងសុខភាពការងារ ឆ្នាំ ២០២១ ក្រោមប្រធានបទ “ត្រៀមទុកជាមុន រៀបចំ ឆ្លើយតបទៅនឹងវិបត្តិ៖ ស្តារឡើងវិញនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការ ងារជាតិ ប្រកបដោយប្រសិទ្ធ ភាព” តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) នាព្រឹកថ្ងៃទី២៨ ខែតុលា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានរំលឹកបន្ថែមទៅដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវយកចិត្តទុក ដាក់បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការរួមមាន ៖- បន្តអនុវត្តតាមសេចក្តីជូន ដំណឹងរបស់ក្រសួងក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ

- រៀបចំកន្លែងលាងសម្អាតដៃ ឬកំប៉ុងទឹកអាល់កុល ឬជែលសម្រាប់កម្មករនិយោជិត លាងសម្អាតទៅតាមទីតាំងដែលប្រើប្រាស់រួមគ្នា ដូចជាច្រកចេញចូល កន្លែងហូប បាយ បន្ទប់ទឹកជាដើម - ត្រូវណែនាំដល់កម្មករនិយោជិតឱ្យធ្វើអនាម័យដៃជាប្រចាំនៅ កន្លែងធ្វើការ- បង្កើនការយក ចិត្តទុកក្នុងការបាញ់សម្លាប់មេរោគនៅតាមកន្លែងធ្វើការ អគារផលិតកម្ម និងកន្លែងប្រើប្រាស់រួមគ្នា - ធានាថាមានការរក្សាគម្លាតសង្គមនៅកន្លែងធ្វើការ និងក្រៅ តាមដែលអាចធ្វើទៅបាន - ណែនាំដល់កម្មករនិយោជិតឱ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន “៣កុំ ៣ការពារ” និងត្រូវរៀបចំឱ្យមានប្រព័ន្ធឃ្លាំមើល និងតាមដានសុខ ភាពរបស់កម្មករនិយោជិតនៅក្នុងរោងចក្រ សហគ្រាស។

ឯកឧត្តមបានបញ្ជាក់ថា រាជ រដ្ឋាភិបាលកម្ពុជាបានដាក់ ចេញជាបន្តបន្ទាប់នូវវិធានការក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ- ១៩ រួមមានទាំងវិធានការសុ ខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់ ដទៃផ្សេងទៀត ដើម្បីគ្រប់គ្រងសភាព ការណ៍ទាំងសង្គម និងសេដ្ឋ កិច្ច ក្នុងនោះការចាក់វ៉ាក់សាំង ជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកទិញវ៉ាក់សាំងពីបណ្តាប្រភពនានា ក៏ដូចជាការទទួលបាននូវជំនួយផ្សេងៗដើម្បីយកមកចាក់ជូនប្រជា ពលរដ្ឋដោយឥតគិតថ្លៃ តាម រយៈយុទ្ធសាស្រ្ត “ផ្ការីក” ដើម្បីបង្កើតភាពស៊ាំសហគម ន៍និងឈានទៅបន្តជំរុញលំនឹងអាជីវកម្ម និងធុរកិច្ច ឡើងវិញ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ថែមថា ក្នុងការទ្រទ្រង់នូវសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពប្រាក់ចំណូល របស់កម្មករនិយោជិត រាជរដ្ឋាភិ បាលបានដាក់ចេញនូវកញ្ចប់វិធានការជាបន្តបន្ទាប់ចំនួន ៩ជុំ រួចមកហើយ ក្នុងនោះសម្រាប់ វិស័យការងារក៏បានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់ របស់និយោជក និងកម្មករនិយោជិត រួមមានការអនុញ្ញាតឱ្យរោងចក្រ សហគ្រាសនៅក្នុងវិស័យ វាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ តាមគោល ដៅដែលរងផលប៉ះពាល់ធ្ងន់ ធ្ងរ អាចព្យួរកិច្ចសន្យាការងារ ដោយកម្មករនិយោជិតទទួល បានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ ខណៈនិយោជក ក៏ទទួលបាននូវការអនុគ្រោះចំពោះកាតព្វ កិច្ចមួយចំនួន ដូចជាការ លើកលែងបង់ភាគទានរបបសន្តិសុខសង្គមជាដើម៕លោក ជួន បូណា:ប្រភព:(វិទ្យុជាតិកម្ពុជា)

Thursday, October 28, 2021

អភិបាលខេត្ត ប្រកាសលទ្ធផលនៃការស្រាវជ្រាវរំលោភយកដីវត្ត និងប្រកាសដកហូតប្រគេនជាទ្រព្យគរុភណ្ឌរបស់វត្តវិញ

ចំនួនអ្នកទស្សនា: Views


ព្រះសីហនុ: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កាលពីរសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្សព្វផ្សាយលទ្ធផលនៃការចុះស្រាវជ្រាវករណីរំលោភដីវត្តព្រៃប្រសិទ្ធ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីព្រះចៅអធិការវត្ត លោកអភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរជំនាញ និងប្រជាពលរដ្ឋចំណុះជើងវត្ត។
 ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ដោយមានបណ្តឹងតវ៉ាពីប្រជាពលរដ្ឋចំណុះជើងវត្តប្រមាណ៤៥នាក់ ថា មានបុគ្គលមួយចំនួនបានយកដីវត្តពុះជាឡូត៍ចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការ ចុះពិនិត្យស្រាវជ្រាវពីប្រវត្តដីនៅបរិ វេណវត្តព្រៃប្រសិទ្ធ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ និងបានអញ្ជើញភាគីពាក់ព័ន្ធមកសួរនាំ និងឱ្យបង្ហាញឯកសារកាន់កាប់ដី។ ក្នុងការចុះអង្កេតស្រាវជ្រាវ ក្រុមការងារបានប្រមូលឯកសារ និងរកឃើញអ្នកក្លែងបន្លំឯកសារកាន់កាប់ដីវត្តចំនួន ៥នាក់ ហើយអ្នកទាំង ៥នាក់នោះ ក៏បានធ្វើការសារភាពនូវទោសកំហុសរបស់ខ្លួន ព្រមទាំងបានប្រគល់ដីដែលពួកខ្លួនបានក្លែងឯកសារប្រគល់ជូនវត្តវិញ ។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលបាននិងកំពុងប្រើប្រាស់ក្លែងឯកសារយកដីរដ្ឋ ឬដីឯកជនដោយខុសច្បាប់ សូមប្រញាប់ប្រគល់ឯកសារទាំងនោះមកឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមោឃភាពវិញ ប្រសិនបុគ្គលណាមួយយកឯកសារក្លែងទៅប្រើប្រាស់ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងទៀតទេ ។ 

 ឯកឧត្តមអភិបាលខេត្ត បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ ដីនេះជាគរុភណ្ឌរបស់វត្តព្រៃប្រសិទ្ធ ដែលគ្មានបុគ្គលណាម្នាក់អាចបំពានបានតទៅទៀតទេ ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ អាជ្ញាធររៀបចំឯកសារចុះបញ្ជីដីវត្ត ជាទ្រព្យសម្បត្តិរដ្ឋ និងកៀរគររកសប្បុរសជន ប្រជាពលរដ្ឋចំណុះជើងវត្ត សហការគ្នារៀបចំធ្វើរបងសីមាវត្តប្រសិទ្ធ ដើម្បីគ្រប់គ្រងជាគរុ ភណ្ឌរបស់វត្តចាប់ពីពេលនេះតទៅ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេនបច្ច័យចំនួន២ ០០០ដុល្លារអាម៉េរិក និងស៊ីម៉ង់ត៍ចំនួន១៥តោន ដើម្បីផ្តួចផ្តើមកសាងរបងការពារដីវត្តឱ្យបានគង់វង្ស ទុកជាសម្បត្តិសាធារណៈ ៕

 

ដោយ :ងូ សុមុនីសម្រួល:dara

Wednesday, October 27, 2021

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២ ខែវិច្ឆិកា, រាជធានីខេត្តចំនួន១៤ ប្រឈមជំនន់ទឹកភ្លៀង

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរាជធានីខេត្តចំនួន១៤របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខ (ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា) ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ ពីថ្ងៃទី២៧-២៨ ខែតុលា ឥទ្ធិពលពីសម្ពាធទាប និងពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀង មានជាអាទិ៍ខេត្ត ៖ ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិត ពីខ្សោយ ទៅមធ្យមតែប៉ុណ្ណោះ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
* នៅថ្ងៃទី២៧-២៨ ខែតុលាអាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្ត៖ មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុង ភូមិសាស្ត្រខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ បន្ទាប់ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាយថាហេតុ៕




Tuesday, October 26, 2021

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យការស្ថាបនាផ្លូវ ៣៨ខ្សែក្រុងសៀមរាប ខណៈផ្លូវទាំងនេះសម្រេចបាន៨៣,៨៧ ភាគរយហើយ ក្នុង រយៈពេល១១ខែនេះ

ចំនួនអ្នកទស្សនា: Views

 សៀមរាប: ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំ ការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេកទេសនិងស្ថាប័នពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។

ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលគុណភាពផ្លូវការងារអ៊ុតកៅស៊ូ(AC)ស្របតាមលក្ខណៈបច្ចេកទេសដែលនឹងធ្វើឱ្យឃើញយ៉ាងច្បាស់នូវមុខមាត់ថ្មីនៃក្រុងមួយនេះ ព្រមទាំងការតភ្ជាប់ប្រព័ន្ធលូចាស់-ថ្មី ដើម្បីសម្រួលកុំឱ្យលិចទឹក និងអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចអាស្រ័យប្រើប្រាស់បាន។ ការចុះពិនិត្យនេះ ក៏ក្នុងគោលបំណង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការដោះស្រាយនូវបញ្ហាប្រឈមនានា ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តន៍តាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវនិងស្តង់ដារ ដែលអាចទទួលយកបានពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង១១ខែ សម្រេចបាន៨៣,៨៧ភាគរយ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុង ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕ដោយ៖ ឃុត សៅ សម្រួលផ្សាយដោយ៖ រស្មីមេគង្គ

Monday, October 25, 2021

ក្រុម U23 កម្ពុជាប៉ះម្ចាស់ផ្ទះ ជប៉ុន នាព្រឹកស្អែក AFC U23 Asian Cup

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

បន្ទាប់ពីបានយកឈ្នះក្រុមហុងកុង ដោយលទ្ធផល ៤ទល់២ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំនឹងត្រូវបន្តប៉ះជាមួយម្ចាស់ផ្ទះ ជប៉ុន នាវេលាម៉ោង ១១ព្រឹកស្អែក (ម៉ោងនៅ កម្ពុជា) ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village នៃព្រឹត្តិការណ៍ពានរង្វាន់ជើង ឯកទ្វីប អាស៊ី AFC U23 ASIAN CUP 2022។

ក្រុម U23 កម្ពុជាបានយកឈ្នះជាមួយក្រុម U23 ហុងកុង ដោយលទ្ធផលបច្ចេកទេស ៤ទល់ ២ សម្រាប់ប្រកួតដំបូង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ហើយក្រុមកម្ពុជានឹងត្រូវប៉ះ ជាមួយ ម្ចាស់ផ្ទះ ជប៉ុន ១ប្រកួតចុងក្រោយ ដែលនេះជាការប្រកួតជម្រុះ ក្នុងពូល K ដែលមាន៣ក្រុម គឺ កម្ពុជា ហុងកុង និងជប៉ុន។

លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ដែលជាជនជាតិជប៉ុនបានលើកឡើងថា លទ្ធផលដែលក្រុមកម្ពុជាទទួលបានជាមួយក្រុមហុងកុង ក៏ព្រោះតែយើងព្យាយាមរក្សាបាល់ ដូច តាមអ្វីដែលយើងបានអនុវត្តន៍ក្នុងការហ្វឹកហាត់។ ការរបូត២គ្រាប់ នៅវគ្គទី២ បណ្តាលមកពីការផ្លាស់ប្តូរកីឡាករច្រើន ព្រោះយើងចង់ដឹងពីការលេងរបស់កីឡាថ្មីៗខ្លះ ដែលការផ្លាស់ប្តូរនេះអាចឱ្យយើង ដឹងថា យើងត្រូវកែសម្រួលបែបណា សម្រាប់ជំនួបជាមួយក្រុមជប៉ុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ។

អ្នកជំនាញបាល់ទាត់បានលើកឡើងថា ព្រឹត្តិការណ៍នេះ មានការលំបាកខ្លាំងសម្រាប់ក្រុមកម្ពុជា ក្នុងការឆ្លងផុតពូល K នេះ ដោយសារត្រូវប៉ះក្រុមជប៉ុន ដែលជាក្រុមខ្លាំងប្រចាំទ្វីបអាស៊ី ម្យ៉ាងទៀត វគ្គជម្រុះក្នុងពូលនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានកំណត់យកតែ១ក្រុម ដែលជាក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង១១ និង៤ក្រុមទៀត ជាក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុត ដែល នឹងត្រូវជ្រើសរើសចេញពីពូលទាំង១១នេះ។

សូមរម្លឹកផងដែរថា ១ប្រកួតចុងក្រោយរវាង U23 កម្ពុជា និងជប៉ុន ក្នុងព្រឹត្តិការណ៍ AFC U23 Championship China 2018 គឺក្រុមកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ បានប្រកួតចាញ់ក្រុមជប៉ុន ដោយលទ្ធផល ០ទល់២ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។

សម្រាប់វគ្គជម្រុះAFC U23 ASIAN CUP 2022 មានក្រុមចូលរួមសរុបចំនួន៤១ក្រុមនៃទ្វីបអាស៊ី ដោយបែងចែកជា១១ពូល ហើយក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង១១ (ស្មើនឹង១១ក្រុម) និងក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតចំនួន៤ក្រុមផ្សេងទៀត សរុប១៦ក្រុមនឹងត្រូវបានឡើងទៅប្រកួតជម្រុះជុំផ្តាច់ព្រ័ត្រ នៅប្រទេសអ៊ូសបេគីស្ថានដែលគ្រោងនឹងធ្វើឡើងនាឆ្នាំ២០២២ ខាងមុខ៕

ដោយ ហេង ណាលីន