-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Saturday, November 27, 2021

អភិបាលខណ្ឌទួលគោក ចុះពិនិត្យ និងជួសជុលផ្លូវគ្រលុកស្រុតសំបុកមាន់២សង្កាត់

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ការិយាល័យសាធារណការដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ និងការិយាល័យពាក់ព័ន្ធមួយចំនួនទៀត នៃរដ្ឋបាលខណ្ឌទួលគោក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសម្អាតកាកសំណល់សំរាម និងជួសជុលផ្លូវគ្រលុកស្រុត (សំបុកមាន់) ដើម្បីទប់ស្កាត់កុំឱ្យរងការខូចខាតកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ក្រៅពីឈូសឆាយដីរៀបចំលំនៅដ្ឋានបណ្ដោះអាសន្ន ក្នុងការស្ថាបនាកែលម្អអាងស្តុកទឹក (ស្ថានីយបូមទឹកទួលគោកទី២) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវលូប្រឡាយជូនប្រជាពលរដ្ឋ។

ការងារចុះសម្អាតកាកសំណល់សំរាម និងជួសជុលផ្លូវស្រុត (សំបុកមាន់) ក្រៅពីឈូសឆាយដីរៀបចំលំនៅដ្ឋានបណ្ដោះអាសន្ន ដើម្បីស្ថាបនាកែលម្អអាងស្តុកទឹក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវលូប្រឡាយតាមប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋនេះ បានអនុវត្តឡើងនៅតាមកំណាត់ផ្លូវលេខ៥២៨ និងផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី១ និងនៅតាមកំណាត់ផ្លូវលេខ២៥៣ កែងផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកចាប់ពីថ្ងៃ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ការងារនេះ ក្រោយពីលោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់បឹងសាឡាង។

គួររំលឹកផងដែរថា ការសម្អាតរាល់កាកសំណល់សំរាម និងជួសជុលផ្លូវគ្រលុកស្រុត (សំបុកមាន់) របស់រដ្ឋបាលខណ្ឌទួលគោក ដែលដឹកនាំដោយលោក ជា ពិសី បានធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ការទប់ស្កាត់ ទាំងគ្រោះថ្នាក់ចរាចរណ៍ អាចកើតឡើងជាយថាហេតុ និងបង្ការកុំឲ្យខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះ ក្នុងការរួមចំណែកកាត់បន្ថយលើការចំណាយថវិការបស់ជាតិ ហើយនិងដោះស្រាយជាជំហានៗ និងបន្តធ្វើឥតឈប់ឈរចំពោះផ្លូវទាំងឡាយណារងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឬជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋក៏ដោយ ដើម្បីឱ្យស្របតាមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញថា «មន្ត្រីមិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»

សម្រាប់សកម្មភាពមនុស្សធម៌វិញ, លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើរបស់សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការសួរសុខទុក្ខចំពោះប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩។

លោក ជា ពិសី បានលើកឡើងថា «ទីណាមានប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតក្នុងជីវភាព ទីនោះតែងតែមានវត្តមានរបស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ក្រោមការដឹកនាំដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា»

សម្រាប់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកផ្តល់ជូនប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន៣០គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម , ទឹកត្រី១យួរ, ត្រីខ១យួរ, ថ្នាំពេទ្យមួយ១កញ្ចប់ និងថវិកាចំនួន៤មុឺនរៀលស្មើៗគ្នា៕