-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Monday, January 31, 2022

ADB ផ្តល់ជំនួយ ៦.៨លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ និងផលិតកម្មស្រូវ នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយចំនួនពីរ មានតម្លៃសរុប៦.៨លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយ គុណភាពនិងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា កញ្ចប់ជំនួយទីមួយមានតម្លៃ៣.៧លានដុល្លារ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាសហគមន៍ចំនួន៤,០០០នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើងវិញ ពីកូវីដ១៩ ហើយវាគ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។ ប្រមាណ៣លានដុល្លារ នៃជំនួយនេះ ត្រូវបានផ្តល់ដោយមូលនិធិជប៉ុនសម្រាប់ ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific)។

កញ្ចប់ជំនួយមួយទៀត មានតម្លៃ៣.៩លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច ចំនួន ២២,០០០នាក់។ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែម សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។ ប្រមាណ៣.៨លានដុល្លារនៃជំនួយនេះ បានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (the Global Agriculture and Food Security Program) ដែលជាមូលនិធិសកលមានគោលបំណង កាត់បន្ថយភាពអត់ឃ្លាន និងកែលម្អអាហារូបត្ថម្ភនៅក្នុងប្រទេសដែលមានចំណូលទាប។

លោក Anthony Gill នាយកស្តីទី ធានាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «កញ្ចប់ជំនួយទីមួយ នឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ កញ្ចប់ជំនួយទីពីរ នឹងជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះស្រាយ បញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩»

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕