RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Saturday, January 15, 2022

ក្រុមការងារចល័តក្រសួងសាធារណការ ឃាត់រថយន្តដឹកលើសទម្ងន់តាមដងផ្លូវនៅខេត្តកំពង់ស្ពឺ, រកឃើញរថយន្ត៤គ្រឿងលើសទម្ងន់កំណត់ ដោយពិន័យជាប្រាក់ និងឃាត់ទុក១ឆ្នាំ

ចំនួនអ្នកទស្សនា: Views


(កំពង់ស្ពឺ)៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានសហការមន្ត្រីស្ថានីយជញ្ជីងអចល័តពោធិ៍ថ្មី-ខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន០៤គ្រឿង ដឹកខ្សាច់ និងដី ដោយផាកពិន័យជាប្រាក់ និងឃាត់រថយន្តទុករយៈពេល០១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់នៅចំណុចផ្លូវជាតិលេខ៤៤ ត្រង់គ.ម ១២៣ ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ 

 ប្រតិបត្តិការនេះ ដឹកនាំដោយលោក គីម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូមរួមពីសំណាក់លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះលោក គឹម សាន់ ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឱ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឱ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

 បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកាលពីពេលថ្មីៗនេះថា ក្រុមការងារនឹងចាត់ការតាមនីតិវិធីដោយគ្មានយោគយល់ខ្សែរនរណាឡើយ បើសិនរកឃើញថា រថយន្តដឹកទាំងឡាយណាហ៊ានដឹកលើសទម្ងន់។ សកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឱ្យស្របតាមច្បាប់ ការពារមិនឱ្យមានជនខិលខូចបំផ្លិចបំផ្លាញផ្លូវតាមអំពើចិត្តឡើយ។ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរំលឹក និងអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មកិនថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យបានម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ក្រសួងនឹងនៅបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕