-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Tuesday, January 18, 2022

ក្រសួងការពារជាតិ អះអាងថា ក្រុមគ្រូពេទ្យកងទ័ព មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងដូសទី៤

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិបានអះអាងថា ក្រុមគ្រូពេទ្យក្រសួងការពារជាតិ មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលភារកិច្ចចាក់វ៉ាក់សាំងដូសទី៤ ដែលឆ្ពោះទៅសម្រេចជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងធានាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនដល់យោធិន អតីតយុទ្ធជន និងគ្រួសារ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិបានមានប្រសាសន៍ថា ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្រសួងការពារជាតិ បានសហការយ៉ាងជិតស្និតជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធាន តែងតែបញ្ជូនអ្នកជំនាញមកណែនាំដល់ក្រុមគ្រូពេទ្យកងទ័ព ទាំងផ្តល់សម្ភារៈ ឧបករណ៍បច្ចេកទេសជាដើម។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្រាប់ដំណើរការជោគជ័យក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កន្លងមកនេះ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានយកចិត្តទុកយ៉ាងខ្លាំង ដោយសម្តេចតែងតែចង្អុលបង្ហាញគ្រប់ពេលវេលានូវចំណុចខ្វះខាតនៅក្នុងរង្វង់ប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋនៅតាមគោលដៅទទួលខុសត្រូវរបស់កងយោធពលខេមរភូមិន្ទផងដែរ។

ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិ បានឱ្យដឹងថា សម្រាប់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺក្រុមគ្រូពេទ្យរបស់កងទ័ព បានគិតគូរយ៉ាងហ្មត់ចត់ចំពោះកិច្ចការងាររបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ខណៈប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនគ្រួសារកងទ័ពកន្លងមក គឺមិនមានបញ្ហាស្មុគស្មាញណាមួយកើតឡើងនោះឡើយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា សម្រាប់ការទទួលភារកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលនេះ គឺត្រូវចាក់ជូនយោធិន អតីតយុទ្ធជន និងក្រុមគ្រួសារ ឱ្យអស់ជាមុនសិន។ ដោយឡែកសម្រាប់ដំណើរការវ៉ាក់សាំងដូសទី៣ កងទ័ពនៅតែបន្តចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ក៏ប៉ុន្តែ ក្រុមការងារបានបង្រួមទីតាំងនៃការចាក់រហូតមកដល់ទីរួមស្រុក ឬនៅទីរួមខេត្ត ខណៈទីតាំងមួយចំនួនដែលកងទ័ពចាក់ ក៏ត្រូវបានប្រគល់ភារកិច្ចនេះជូនដល់មណ្ឌលសុខភាព ដើម្បីទទួលខុសត្រូវចាក់វ៉ាក់សាំងដូសជំរុញនេះបន្ត ដូច្នេះប្រជាពលរដ្ឋដែលដល់ពេលត្រូវចាក់ដូសជំរុញ អាចទៅចាក់បាននៅមូលដ្ឋានសុខាភិបាលដែលនៅក្បែរផ្ទះរបស់ពួកគាត់។

ឯកឧត្ដមបញ្ជាក់ថា «ខ្ញុំគិតថា យោធិនជាសុខាភិបាល របស់កងយោធពលខេមរភូមិន្ទ គាត់មានការយល់ដឹង គាត់មាន បទពិសោធន៍ខ្ពស់ណាស់អំពី បញ្ហាការចាក់វ៉ាក់សាំងនេះ អ៊ីចឹងនិយាយជារួមយើងចាក់ដូសទី១ ដូសទី២ ដូសជំរុញ មកដល់ដូសទី៤នេះ មិនដែលមានបញ្ហាអ្វីមួយកើតឡើងឡើយ គឺល្អណាស់ ប្រព្រឹត្តទៅយ៉ាងរលូនទាំងអស់ ទាំងការថែរក្សាវ៉ាក់សាំង»។

គួរជម្រាបថា កម្ពុជា ដែលធ្លាប់ទទួលបាននូវការសាទរក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋានជូនប្រជាពលរដ្ឋបានច្រើននោះ បានបន្ដបោះជំហានថ្មីមួយកម្រិតទៀតហើយ ក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩។នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថ្មីៗនេះ ក្រុមបុគ្គលអាទិភាព មានទាំងមន្ដ្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើមនោះ បានទទួលនូវការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល ពិសេសពពួកបំប្លែងខ្លួនថ្មី «អូមីក្រុង»។ផ្ដើមដំបូងក្រុមអាទិភាពនៅរាជធានីភ្នំពេញ ជាអ្នកទទួលបានការចាក់វ៉ាក់សាំងដូសទី៤ មុនគេ ដោយរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវវ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់អូស្ដ្រាលី។ វ៉ាក់សាំង Pfizer នេះរាជរដ្ឋាភិបាលកម្ពុជា មាននៅក្នុងដៃប្រមាណជាង២លាន៣សែនដូស៕