-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Monday, March 14, 2022

អនុប្រធានទី១ នៃរដ្ឋសភាស្នើឱ្យមេឃុំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីទទួលបានការគាំទ្រពីការបោះឆ្នោតនាពេលខាងមុខ

ចំនួនអ្នកទស្សនា: Views




 ព្រៃវែង :ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង បានស្នើឱ្យមេឃុំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីទទួលបានការគាំទ្រពីការបោះឆ្នោតនាពេលខាងមុខ។

នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារថ្នាក់ក្រោមជាតិ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋស្រុកពាមជរ ចំនួន១៩០នាក់ រួមទាំងបេក្ខ ជនត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើនៅស្រុកពាមជរ ខេត្តព្រៃវែង ព្រឹកថ្ងៃ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា និងលោកជំទាវអនុប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រៃវែង ដែលជានិច្ចកាលតែងតែបានឧបត្ថម្ភ គាំទ្រជួយជ្រោមជ្រែង និងអភិវឌ្ឍន៍មូលដ្ឋានឃុំ ក៏ដូចជាស្រុក និងខេត្តព្រៃវែងទាំងមូល។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានផ្ដល់អនុសាសន៍ណែនាំដល់គណៈកម្មាធិការបក្សឃុំ សាខា អនុសាខា ក្រុមបក្ស មន្ត្រី និងសមាជិកគណបក្សគ្រប់រូប ពិសេសបេក្ខ ជនក្រុមប្រឹក្សាឃុំ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លឹះ មានជំហររឹងមាំខាងនយោបាយ សតិអារម្ម ណ៍ និងការចាត់តាំងនានា មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវតាមឋានានុក្រម ចុះជាប់ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តន៍គោលការណ៍ទទួលខុសត្រូវ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងតម្លាភាព បេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ត្រូវបែងចែកកម្លាំងចុះតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពល រដ្ឋឱ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យើងចាប់ពីពេលនេះតទៅ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ នឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋ នៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត តាមរយៈគំរូវីរភាពក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ ការយកអាយុជីវិតធ្វើជាដើមទុន ក្នុងការរំដោះពីការសម្លាប់រង្គាលក្នុងរបបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាមដើម្បីអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយណាមួយទ្បើយ ដែលផ្ទុយពីអ្នកនយោបាយជ្រុលនិយមមួយចំនួន តែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះ ដើម្បីកេងចំណេញមហិច្ឆតានយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់របស់ប្រជាពលរដ្ឋឡើយ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមទៀតថា ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ បានរក្សានូវលំនឹងពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ តាមរយៈការសម្រេចរៀបចំមូលដ្ឋាននៃការព្យាបាលរឹងមាំ រួមមាន ការបើកដំណើរការមណ្ឌលព្យាបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់នៅទូទាំងប្រទេស ការសម្រេចចិត្តរហ័សទាន់ពេលវេលាក្នុងការជ្រើសរើសយកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងការសម្រេចអនុញ្ញាតឱ្យព្យាបាលតាមផ្ទះ ដោយមានការចូលរួមពិចារណា ពិគ្រោះយោបល់ និង សិក្សាស្រាវជ្រាវច្បាស់លាស់ ត្រឹមត្រូវរបស់ក្រុមបច្ចេកទេសជំនាញនៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនានា។ ចំណាត់ការដ៏ស័ក្តិសិទ្ធិ និងប្រកបដោយភាពហ្មត់ចត់នេះ បានជួយឱ្យកម្ពុជាឈានទៅបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលជាការធានាបាននូវតុល្យភាពនៃសុខភាពសុខុមាលភាពប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតី នៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ខេត្ត-ក្រុង-ស្រុក ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកពាមជរទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ ពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គលជានិរន្តន៍។

ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានឧបត្ថម្ភថវិកាជូនសមាជិកចូលរួមក្នុងអង្គពិធីចំនួន១៩០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៥ ០០០រៀល មន្ទីរគណបក្សឃុំ ២០០ ០០០រៀល មន្ទីរគណបក្សស្រុក ៥០០ ០០០រៀល និងមន្ទីរគណបក្សខេត្ត ៣០០ ០០០រៀល៕ ដោយប៉ាល់ សុង (ប្រភពៈរដ្ឋសភា) សម្រួលផ្សាយដោយ៖ dara