-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Tuesday, March 15, 2022

ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចបាន៩៨ភាគរយហើយ ដើម្បីត្រៀមដាក់ឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ននៅចុងខែមីនានេះ

ចំនួនអ្នកទស្សនា: Views

    



 ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅរសៀលថ្ងៃ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ ចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ។

គិតមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩៨ ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះនឹងរួចរាល់ជាស្ថាពរ ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ។

ការចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ឯកឧត្តម ឃួង ស្រេង គឺដើម្បីជំរុញការងារដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងរយៈពេល០៥ថ្ងៃទៀត ដើម្បីសុំគោលការណ៍បើកប្រើប្រាស់ជាបណ្ដោះអាសន្ន និងពិនិត្យមើលស្ថានភាព នៃការដាក់ទីតាំងវេទិកាសម្ពោធស្ពានអាកាសនេះជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលខាងមុខ ។ ប៉ុន្តែឯកឧត្តមអភិបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មីខាងលើនេះនឹងធ្វើឡើងនៅថ្ងៃណានោះទេ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ការដ្ឋានទាំងមូលបានសម្រេចប្រមាណ៩៨ ទៅ ៩៩ភាគរយហើយ ហើយរដ្ឋបាលរាជធានី គ្រោងនឹងសុំគោលការណ៍ទៅសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកឱ្យដំណើរការជាបណ្ដោះអាសន្ន ។ នៅពេលវេលាដ៏សមគួរណាមួយ រដ្ឋបាលរាជធានីភ្នំពេញនឹងសុំគោលការណ៍សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីអញ្ជើញសម្តេចតេជោ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃស្ពានអាកាសថ្មីនៅរង្វង់មូលចោមចៅនេះជាផ្លូវការតែម្តង។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ពីភាពយឺតយ៉ាវបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ផងដែរ ដែលធ្វើឱ្យកម្មករក៏ដូចជាអ្នកទទួលការសាងសង់អូសបន្លាយពេល ប៉ុន្តែទោះបីជាយ៉ាងណាក្តីស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងអាចឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្ននៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។

សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លារអាម៉េរិក។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមក ជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។ ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោច ក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទំហំទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវ ទំហំទទឹង៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។ ស្ពាននេះមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara