-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Wednesday, April 13, 2022

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ផ្ញើសារអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយនឹងការអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារខ្លួន

ចំនួនអ្នកទស្សនា: Views

    ភ្នំពេញ: ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ផ្ញើសារអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដោយបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួនពីវីរុសកូវីដ-១៩។ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ៖ “ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខ្ញុំសូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ តាមបីបាច់ថែរក្សាជូន

ចំពោះបងប្អូនជនរួមជាតិទាំងអស់ សូមជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ និងសូមប្រកាន់ខ្ជាប់នូវវិធានការ ០៣ការពារ និង០៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយនឹងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា”។ ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន ក៏បានចូលរួមអបអរ និងជូនពរផងដែរ ដោយលោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់នៅក្នុងសារជូនពរថា ៖ “ពិធីបុណ្យចូលឆ្នាំថ្មីនេះគឺឱកាសដ៏វិសេសវិសាល បន្ទាប់ពីមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ជាងពីរឆ្នាំកន្លងមកនេះ។ ក្នុងនាមអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា យើងខ្ញុំពិតជាមានក្ដី

រំភើបរីករាយ សូមចូលរួមប្រារព្ធពិធីអបអរសាទរឆ្នាំថ្មីនេះជាមួយប្រជាជនកម្ពុជាទាំងអស់ ហើយយើងយល់យ៉ាងច្បាស់អំពីសារៈសំខាន់ក្នុងការជួបជុំគ្នាជាថ្មីម្ដងទៀតជាមួយមនុស្សជាទីស្រលាញ់នាឱកាសដ៏មានសារៈសំខាន់មួយនេះ”។ ក្នុងឱកាសនេះ លោកស្រីវេជ្ជបណ្ឌិត ក៏បានអំពាវនាវចំនួន ៣ចំណុច ដែលមានខ្លឹមសារទាំងស្រុងថា៖ ទី១ យើងគួរជួបជុំគ្នា និងរីករាយចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរដ៏សំខាន់នេះ ដោយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព ដើម្បីការពារមនុស្សជាទីស្រលាញ់របស់យើងពីជំងឺកូវីដ-១៩ ។ នៅពេលចូលរួមរីករាយជាមួយគ្រួសារ និងមិត្តភក្តិ យើងត្រូវចងចាំទាំងអស់គ្នាថា អ្នកដែលងាយរងគ្រោះបំផុតនោះគឺមនុស្សដែលមានវ័យចំណាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ បុគ្គលិក

សុខាភិបាល និងស្ត្រីមានផ្ទៃពោះ។ យើងទាំងអស់គ្នាសុទ្ធសឹងតែមានក្រុមមនុស្សងាយរងគ្រោះទាំងនេះនៅក្នុងគ្រួសារ និងសហគមន៍របស់យើង ហើយយើងគឺជាអ្នកសម្រេចចិត្តក្នុងការការពារពួកគេ។ ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាពេលវេលាបង្ហាញនូវការគោរពចំពោះមនុស្សដែលមានវ័យចំណាស់ ហើយការពារសមាជិកគ្រួសារដែលជាមនុស្សដែលមានវ័យចំណាស់ឱ្យរួចផុតពីជំងឺកូវីដ-១៩ គឺជាផ្នែកមួយនៃភារកិច្ច និងវប្បធម៌ដ៏គួរឱ្យគោរពរបស់យើង។ បន្ទាប់ពីមានជំងឺរាតត្បាតជាសកលអស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់អំពីវិធានការរក្សាសុវត្ថិភាពដល់គ្នាទៅវិញទៅមក។

 កិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានៅក្នុងការទទួលបានការចាក់វ៉ាក់សាំងពេញលេញ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដែលជាវិធានការការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា គឺពិតជាមានប្រសិទ្ធភាព ហើយនេះគឺជា មូលហេតុដ៏ចម្បងដែលយើងអាចប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំនេះបាន។ ជាការពិតណាស់ ការរាតត្បាតជាសកលនៃជំងឺនេះ គឺមិនទាន់ចប់នៅឡើយនោះទេ ហើយវីរុសនេះនៅតែបន្តឆ្លងនៅជុំវិញពិភពលោក ក្នុងនោះរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។ យើងត្រូវបន្តរក្សានូវការប្រុងប្រយ័ត្ន និងការពារការកើនឡើងនៃជំងឺនេះម្ដងទៀតនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ដូច្នេះយើងត្រូវបន្តរួមចំណែកក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ប្រកបដោយនិរន្តរភាព និងបើក

ដំណើរការប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ។ ជាបឋម យើងត្រូវប្រាកដថាប្រជាជនដែលគ្រប់លក្ខខណ្ឌទាំងអស់បានទទួលវ៉ាក់សាំងពេញលេញ ស្របទៅតាមកាលវិភាគកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងដូសជំរុញផងដែរ។ សមិទ្ធផលនៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នេះ គឺពិតជាគួរឱ្យកត់សម្គាល់ និងគួរឱ្យកោតសរសើរបំផុត។ ឥឡូវនេះ ការចាក់ដូសជំរុញ គឺពិតជាពេលវលាដ៏ត្រឹមត្រូវ និងកាន់តែមានសារៈសំខាន់សម្រាប់សមាជិកគ្រួសារដែលមានវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ។ ការដែល សមាជិកដែលគ្រប់លក្ខខណ្ឌទាំងអស់ បានចាក់វ៉ាក់សាំងបាន

ពេញលេញនឹងជួយបន្ធូរបន្ថយហានិភ័យនៅពេលជួបជុំគ្នា។ ការទទួលបានដូស ជំរុញ គឺមានការចាំបាច់ជាខ្លាំងក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ដែលចាំបាច់ដើម្បីការពារពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងការចូលសម្រាកពេទ្យ។ ទី២ សូមប្រជាជនទាំងអស់គ្នាគិតគូរអំពីទីតាំងល្អបំផុត និងសុវត្ថិភាពបំផុតក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ទីតាំងខាងក្រៅដែលមានខ្យល់អាកាសបរិសុទ្ធ ឬកន្លែងដែលមានលំហូរខ្យល់ចេញចូលល្អ គឺជាជម្រើសទីតាំងដ៏ល្អ និងមានសុវត្ថិភាពសម្រាប់គ្រួសារ និងមិត្តភក្តិទាំងអស់គ្នា។ ការបើកបង្អួចក៏អាចជួយឱ្យមានខ្យល់ចេញចូលបានល្អផងដែរ។ ប្រសិនបើអ្នកមានកង្ហារ សូមដាក់វានៅជិតបង្អួចដើម្បីជួយឱ្យខ្យល់បរិសុទ្ធពីខាងក្រៅចូលក្នុងបន្ទប់។ សូមគិតផងដែរអំពីកន្លែងដែលអ្នកងាយរងគ្រោះត្រូវអង្គុយ៖ តើយើងអាចរៀបចំឱ្យគាត់អង្គុយនៅជិតបង្អួចដែរឬ

ទេ? តើយើងអាចអង្គុយដោយរក្សាគម្លាតពីគ្នានៅជំវិញតុដែរឬទេ? សូមឱ្យអ្នកដែលមិនស្រួលខ្លួននៅក្នុងផ្ទះកុំចេញទៅណាឱ្យសោះ។ ទី៣ សូមធ្វើការពិចារណា និងជ្រើសរើសជម្រើសដ៏ត្រឹមត្រូវនៅក្នុងការការពារខ្លួនយើង និងគ្រួសារ ព្រមទាំងសហគមន៍។ ជំងឺរាតត្បាតជាសកលគឺមិនទាន់ចប់នៅឡើយទេ។ ការអនុវត្តវិធានការសុខាភិបាល និងសង្គម គឺនៅមានសារៈសំខាន់ ជាពិសេសនៅក្នុងតំបន់ដែលមានការចម្លងដោយវីរុសអូមីក្រុង។ ជាការពិតណាស់ យើងមិនអាចពាក់ម៉ាសនៅពេលទទួលទានអាហារ និងភេសជ្ជៈបានទេ។ ហើយការជប់លៀងជាមួយនឹងគ្រួសារ គឺពិតជាផ្នែកមួយដ៏សំខាន់នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំរួមគ្នា។ ដូច្នេះ សូមព្យាយាមទទួលទានអាហារនៅបរិវេណខាងក្រៅ ឬនៅក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ ហើយត្រូវប្រាកដថា យើងបានរក្សាគម្លាតសុវត្ថិភាពបានល្អតាមដែលអាចធ្វើទៅបាន។ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាការអបអរសាទរដ៏សំខាន់មួយ ហើយខ្ញុំពិតជាមានក្ដីរំភើបក្នុងការស្ថិតនៅក្នុងប្រទេសដ៏ល្អអស្ចារ្យមួយនេះនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២២ ដ៏ពិសេសនេះ ។

 សូមបង្ហាញនូវក្ដីស្រលាញ់ និងការគោរពចំពោះគ្រួសាររបស់យើង តាមរយៈការធានាថាយើងកំពុងការពារពួកគាត់ពីជំងឺកូវីដ-១៩ ខណៈដែលរីករាយនាថ្ងៃឈប់សម្រាកដែលសមនឹងទទួលបាននេះ។ វីរុសនេះនៅតែបន្តរីករាលដាលនៅក្នុងសហគមន៍ហើយនឹងអាចមានឱកាសឆ្លងបន្ថែមទៀត ប្រសិនបើយើងមិនយកចិត្តទុកដាក់។ សូមធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងលក្ខណៈមួយដែលមានសុវត្ថិភាព ខណៈដែលយើងអាចរីករាយជាមួយនឹងមនុស្សដែលយើងស្រលាញ់ជាទីបំផុត។ សូមរម្លឹកថា ដោយសារតែកម្ពុជាមានស្ថិតិនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្ពស់ ព្រមទាំងបានគ្របដណ្តប់ពេញផ្ទៃប្រទេស ទើបសម្តេចប្រមុខរាជរដ្ឋាភិបាល សម្រេចឱ្យមានការរៀបចំ និងអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឡើងវិញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ៕ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ Dara