-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Tuesday, April 26, 2022

ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ

ចំនួនអ្នកទស្សនា: Views

     ភ្នំពេញ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំណតផែរណបពហុបំណង TS១១ គឺជាការវិនិយោគរវាងកំពង់ផែស្វយ័តភ្នំពេញ (ភាគទុន៥១ភាគរយ) និងក្រុមហ៊ុន PTLS Co., LTD (ភាគទុន៤៩ភាគរយ) ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ ១២លានដុល្លារអាម៉េរិក។ គិតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៨៥ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមិថុនា និងបើកឱ្យដំណើរការប្រើប្រាស់កំឡុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ដែលអាចផ្ទុកទំនិញបានពី ៦ម៉ឺន ទៅ ៩ម៉ឺន TEUs ក្នុង១ឆ្នាំ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹកនៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែវ កំពត កែប មានចម្ងាយ ១៦៨គីឡូម៉ែត្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសិក្សាការស្ដារផ្លូវទឹក និងពិនិត្យមើលលទ្ធភាពធ្វើផ្លូវទឹកនេះថាធ្វើបាន ឬមិនបាន ដោយការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបបន្ថែម នេះគឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកាក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើនផងដែរ។


ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា ការរៀបចំផែនការស្ដារផ្លូវទឹកទន្លេបាសាក់ ក៏ដូចជាការរៀបចំរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជាជំហានមួយដែលជួយបង្កើនការដឹកជញ្ជូននៅតាមផ្លូវទឹកឱ្យបានច្រើន ហើយការសាងសង់ពង្រីកផែរណបមួយចំនួនទៀត នេះគឺជាជំហានដ៏ធំមួយដែលជួយបង្កើន ការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន និងពង្រីកវិស័យភ័ស្តុភារកម្មរបស់កម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។ គម្រោងប្រព័ន្ធផ្លូវទឹក និងភ័ស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍពហុវិស័យដូចជា លើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនអន្តរកម្ម ដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នាជា មួយមជ្ឈមណ្ឌលដឹកជញ្ជូន តំបន់ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធធារាសាស្រ្ត ឧស្សាហកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គម្រោងនេះនឹងជួយជំរុញ និងពន្លឿនការអភិវឌ្ឍ នគរូបនីយកម្មទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅកម្ពុជា និរន្តរភាពកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំកំពង់ផែ បុគ្គលិក មន្ត្រី ក្រុមប្រឹក្សាភិបាលដែលមានគំនិតផ្ដួចផ្ដើម បានខិតខំប្រឹងប្រែងស្វែងរកដៃគូផ្នែកឯកជន សហការគ្នាបានយ៉ាងល្អ ហើយការចូលរួមពីវិស័យឯកជនជាមួយវិស័យរដ្ឋក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺជាការបង្កើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនផងដែរ ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara