-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Friday, June 24, 2022

លោក អិក អៀម ជាអ្នកបន្តវេនជួសជុលប្រាសាទអង្គរ៣ជំនាន់

ចំនួនអ្នកទស្សនា: Views

    

(សៀមរាប):ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរានៅថ្ងៃ៩រោចខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២នេះ បានធ្វើការណែនាំនិងបង្ហាញអំពីបុរសវ័យចំណាស់ម្នាក់ថា ជាអ្នកមានជំនាញខាងដាប់ថ្មជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរបន្តវេន៣ជំនាន់មកហើយ។ ហើយបច្ចុប្បន្នកំពុងចូលរួមដឹកនាំធ្វើការដាប់ថ្មជួសជុលប្រាសាទតានៃ ដែលស្ថិតនៅក្នុងព្រៃនៃតំបន់រមណីយដ្ឋានអង្គរក្នុងវង់ធំ។


បុរសវ័យចំណាស់ម្នាក់នោះ គឺជាលោក អិក អៀម ជាអ្នកភូមិបេង សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប។ លោក អិក អៀម មានវ័យ៦២ឆ្នាំ គាត់គឺជាអ្នកជំនាញខាងដាប់ថ្មជួសជុលប្រាសាទបុរាណម្នាក់ នៅក្នុងចំណោមអ្នកជួសជុលផ្សេងៗទៀតដែលមានវ័យក្មេងជាងរូបលោក។ ស្ថិតក្នុងឯកសណ្ឋានការងារក្នុងការដ្ឋានប្រាសាទតានៃ លោក អិក អៀម ដោយដៃម្ខាងកាន់ញញូរនិងដៃម្ខាងទៀតកាន់ដែកដាប់ កំពង់ដាប់ផ្ទាំងថ្មថ្មីធ្វើជាសសរពេជ្រនិងផ្ដែរបស់ប្រាសាទនោះ លោកបានធ្វើការបណ្តើរនិយាយប្រាប់អ្នកសារព័ត៌មានបណ្តើរថា លោកបានមកធ្វើការជាអ្នកជួសជុលប្រាសាទបុរាណតាំងតែពីឆ្នាំ១៩៩៩មកម៉្លេះ។ ហើយមូលហេតុដែលលោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ គឺដោយសារតែលោកមានចិត្តស្រឡាញ់ប្រាសាទបុរាណ ហើយក៏ចង់ធ្វើការងារថែរក្សា និងជួសជុលប្រាសាទបុរាណដែរ។


ក្នុងភាពរួសរាយ លោក អិក អៀម បានបន្តឱ្យដឹងទៀតថា វង្សត្រកូលរបស់គាត់ ៣ជំនាន់មកហើយ គឺជាអ្នកដែលធ្វើការជួសជុលអង្គរ។ ជីតារបស់គាត់ឈ្មោះ អ៊ីវ ធ្លាប់បានធ្វើការជាអ្នកជួសជុលប្រាសាទបុរាណតាំងពីសម័យដែលប្រទេសខ្មែរ ស្ថិតនៅក្រោមអាណាព្យាបាលបារាំងម្លេះ។ ចំណែកឪពុករបស់លោកឈ្មោះ អ៊ីវ អិក ក៏ជាអ្នកដែលធ្វើការជួសជុលប្រាសាទបុរាណ កាលពីអំឡុងឆ្នាំ១៩៦០រហូតដល់ឆ្នាំ១៩៧១ នៅពេលដែលប្រទេសខ្មែរកើតសង្គ្រាមទើបឈប់ពីការងារ។ ហើយកាលពីកុមារភាពលោកធ្លាប់តាមឪពុករបស់លោក មកធ្វើការងារជួសជុលប្រាសាទដែរ ហើយការងារនេះបានធ្វើឱ្យអារម្មណ៍របស់លោកដក់ជាប់ក្នុងចិត្តរហូតដល់រូបលោកបានក្លាយជាអ្នកជួសជុលប្រាសាទបុរាណដូចជាបុព្វបុរសរបស់លោកដែរ។


បំណាច់នឹងជក់មាត់ជាមួយអ្នកព័ត៌មានយើងហើយនោះ លោក អិក អៀម ក៏បានបង្ហាញអំពីស្នាដៃរបស់គាត់ខ្លះៗដែលបានបន្សល់ទុកនៅតាមបណ្តាប្រាសាទនានាថា ក្នុងរយៈពេលជាង២៣ឆ្នាំនៃការងារជួសជុលប្រាសាទបុរាណ លោកបានចូលរួមជួសជុលប្រាសាទជាច្រើន ដូចជា ប្រាសាទបាពួន ប្រាសាទតាព្រហ្ម ស្រះស្រង់ ជួសជុលប្រាសាទអង្គរវត្ត ប្រាសាទមេបុណ្យខាងលិច និងចុងក្រោយប្រាសាទតានៃនេះឯង។ តែក្រៅពីតំបន់អង្គរលោកក៏ធ្លាប់បានចូលរួមជួសជុលប្រាសាទបន្ទាយឆ្មារ ដែលស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួករបស់ខេត្តបន្ទាយមានជ័យដែរ។


បើទោះបីជាលោក អិក អៀម មានមោទនភាព ជាអ្នកបន្តវេនជួសជុលអង្គរ៣ជំនាន់មកហើយក្តី ក៏លោកហាក់សំដែងនូវការខកចិត្តខ្លះដែរ ដោយសារតែក្នុងជំនាន់កូនៗរបស់លោកក្រោយៗនេះ មិនមាននណាម្នាក់ចាប់យកជំនាញនេះពីរូបលោកឡើយ ដែលជាហេតុធ្វើឱ្យមិនមានអ្នកបន្តវេនក្នុងការងារជួសជុលអង្គរដូចរូបលោកឡើយ ហើយសម្រាប់រូបលោកបានប្តេជ្ញាថា នឹងបន្តធ្វើវារហូតទាល់តែរូបលោកជរាធ្វើលែងកើត។ ហើយជាមួយគ្នានេះដែរ លោកក៏ពេញចិត្តនឹងជួយបង្ហាត់បង្រៀនដល់កូនខ្មែរទាំងឡាយណាដែលចង់ចេះជំនាញឆ្លាក់ថ្ម ក្នុងការងារជួសជុលប្រាសាទ ដើម្បីត្រៀមខ្លួនឱ្យក្លាយជាអ្នកបន្តវេនទៅជំនាន់ក្រោយៗផងដែរ៕ដោយ៖ ហង្ស សៀក សម្រួលផ្សាយដោយ៖ dara